2 Thessalonians 3

1នៅទីបញ្ចប់នេះបងប្អូនអើយ! ​សូម​អធិស្ឋានឲ្យយើងផងដើម្បី​ឲ្យ​ព្រះបន្ទូលរបស់ព្រះអម្ចាស់​បាន​ប្រកាស​ចេញទៅ​យ៉ាង​ឆាប់រហ័សនិងទទួល​បាន​ការ​សរសើរដូចជា​នៅក្នុង​ចំណោមអ្នករាល់គ្នាដែរ 2ហើយឲ្យ​យើង​បាន​រួចផុតពី​មនុស្ស​ពាលនិង​ពី​មនុស្សអាក្រក់ដ្បិតមិនមែនគ្រប់គ្នា​សុទ្ធតែ​មាន​ជំនឿទេ 3ប៉ុន្ដែព្រះអម្ចាស់ស្មោះត្រង់ព្រះអង្គ​នឹង​ពង្រឹងអ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើងហើយការពារ​អ្នករាល់គ្នា​ពីអារក្សសាតាំង​ផង។ 4យើងក៏​ជឿជាក់នៅក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នា​ដែរ​ថា​អ្នករាល់គ្នា​កំពុង​ប្រព្រឹត្ដហើយ​នឹង​ប្រព្រឹត្ដ​តទៀត​តាម​សេចក្ដី​ដែល​យើង​បាន​បង្គាប់​មក​អ្នករាល់គ្នា។ 5សូមព្រះអម្ចាស់នាំចិត្តអ្នករាល់គ្នាទៅក្នុង​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់និង​ការ​ស៊ូទ្រាំ​របស់​ព្រះ​គ្រិស្ដ​ចុះ។ 6ឥឡូវនេះបងប្អូនអើយ! ​យើង​បង្គាប់អ្នករាល់គ្នាក្នុងព្រះនាម​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងថា​ចូរ​ចៀស​ឲ្យ​ផុតពីបងប្អូនណា​ដែល​រស់នៅ​គ្មាន​សណ្ដាប់ធ្នាប់ហើយមិនស្របតាមសេចក្ដីដែល​អ្នករាល់គ្នា​បាន​រៀនពីយើង 7ដ្បិតអ្នករាល់គ្នា​ដឹង​ហើយ​ថាត្រូវយក​តម្រាប់​តាមយើងរបៀបណាព្រោះ​យើង​មិន​បាន​រស់នៅ​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ក្នុងចំណោមអ្នករាល់គ្នាទេ 8យើងក៏​មិន​បាន​បរិភោគអាហាររបស់អ្នកណាម្នាក់​ដោយ​ទទេ​ដែរ​គឺ​យើង​ធ្វើការនឿយហត់ហើយលំបាក​ទាំង​យប់​ទាំង​ថ្ងៃដើម្បីកុំ​ឲ្យ​យើង​ទៅជាបន្ទុក​ដល់​អ្នកណាម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នាឡើយ 9នេះមិនមែន​មានន័យ​ថា​យើង​គ្មានសិទ្ធិ​នោះ​ទេគឺ​យើង​ធ្វើ​ជា​គំរូដើម្បី​ឲ្យ​អ្នករាល់គ្នាយកតម្រាប់តាមយើងវិញ 10ដ្បិតកាលយើងនៅជាមួយអ្នករាល់គ្នា​យើង​បាន​បង្គាប់​អ្នករាល់គ្នា​អំពី​ការនេះដែរថាបើអ្នកណាមិនចង់ធ្វើការមិន​ត្រូវ​ឲ្យ​អ្នកនោះ​បរិភោគទេ 11ព្រោះយើង​ថា​មាន​អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅ​គ្មាន​សណ្ដាប់ធ្នាប់​ហើយ​មិនធ្វើការ​អ្វី​សោះប៉ុន្ដែ​ចូលចិត្ដ​ជ្រៀតជ្រែក​កិច្ចការ​អ្នកដទៃ 12ដូច្នេះយើង​បង្គាប់និងដាស់តឿន​ដល់​មនុស្ស​បែបនោះក្នុងព្រះអម្ចាស់យេស៊ូគ្រិស្តថា​សូម​ឲ្យ​ពួកគេ​ធ្វើការដោយស្ងៀមស្ងាត់​ហើយ​បរិភោគអាហាររបស់ខ្លួន​ចុះ។ 13ចំពោះអ្នករាល់គ្នាវិញបងប្អូនអើយ! ​កុំនឿយណាយ​នឹង​ប្រព្រឹត្ដល្អឡើយ 14បើអ្នកណាមិនស្ដាប់តាមពាក្យសំដី​របស់​យើងក្នុងសំបុត្រនេះទេ​ចូរ​សំគាល់​អ្នក​នោះចុះ​ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនងជាមួយគេឡើយដើម្បី​ឲ្យ​គេ​ខ្មាស 15ប៉ុន្ដែមិន​ត្រូវ​រាប់​គេ​ជាសត្រូវឡើយផ្ទុយទៅវិញ​ត្រូវ​ដាស់តឿន​គេ​ដូចជាបងប្អូន​វិញ។ 16សូមព្រះអម្ចាស់​នៃ​សេចក្ដី​សុខសាន្តប្រទាន​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា​គ្រប់​ពេលវេលាជានិច្ច។ ​សូម​ព្រះអម្ចាស់​គង់​ជាមួយអ្នករាល់គ្នា 17ខ្ញុំប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរនេះ​ដោយ​ផ្ទាល់ដៃ​ហើយ​ជាសំគាល់នៅក្នុងគ្រប់សំបុត្រ​របស់​ខ្ញុំ​ខ្ញុំ​សរសេរដូច្នេះថា 18សូមឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ​យេស៊ូគ្រិស្តជាព្រះអម្ចាស់​របស់​យើង​៕
Copyright information for KhmKCB